ផ្សាយពាណិជ្ជកម្ម

Wednesday, April 12, 2023

ក្រសួងទេសចរណ៍ ធ្វើសិក្ខាសាលាបណ្ដុះបណ្ដាលពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍នៅសៀមរាប មុនព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងស៉ីហ្គេម

ក្រសួងទេសចរណ៍ ធ្វើសិក្ខាសាលាបណ្ដុះបណ្ដាលពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍នៅសៀមរាប មុនព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងស៉ីហ្គេម

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ បានរៀបចំសិក្ខាសាលាស្តីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ឆ្ពោះទៅអបអរព្រឹត្តិការណ៍អង្គរសង្ក្រាន្ត អមជាមួយវគ្គបណ្ដុះបណ្ដាលស្ដីពីការពង្រឹងគុណភាពអាជីវកម្មសេវាកម្មទេសចរណ៍ សេវាកម្មម្ហូបអាហារតាមដងផ្លូវ ដើម្បីត្រៀមស្វាគមន៍ព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣២ ពិសេសអំឡុងយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» នេះ។

សិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្រោមអធិបតីភាពលោក សុខ សង្វារ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក យុន លីនណេ អភិបាលរងខេត្តសៀមរាប ដោយមានការការចូលរួមពីមន្ទីរ អង្គភាពចំណុះរដ្ឋបាលខេត្តសៀមរាប និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍។

នាឱកាសនោះ លោក សុខ សង្វារ បានបញ្ជាក់អំពីការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលបានរៀបចំដើម្បីជាការអបអរសាទរនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមហាគ្រួសារខ្មែរដោយលើកយកនូវកេរដំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពជាច្រើន ខណៈដែលឆ្នាំនេះគឺជាខួប១០ឆ្នាំនៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តដោយសហភាពសហព័ន្ធយុវជនកម្ពុជា។

លោកអនុរដ្ឋលេខាធិការបានបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ដែលនឹងចូលរួមដល់ការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ប្រកបដោយគុណភាព សុវត្ថិភាព និងបរិយាបន្ន ដើម្បីបន្តទាក់ទាញទេសចរអន្តរជាតិមកទស្សនាកម្ពុជាបន្ថែមទៀតនៅឆ្នាំ២០២៣ ក៏ដូចជាបណ្ដាឆ្នាំខាងមុខ ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។

អង្គសិក្ខាសាលាក៏បានឧទ្ទេសនាមអំពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ក្នុងខេត្តសៀមរាប ដោយផ្តោតលើមូលដ្ឋានអាជីវកម្មទេសចរណ៍គ្រប់ប្រភេទ ទាំងសេវាស្នាក់នៅ សេវាម្ហូបអាហារ សេវាដឹកជញ្ជូន រមណីយដ្ឋាន សហគមន៍ទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ ភូមិទេសចរណ៍ជាដើម ពិសេសជំរុញការអនុវត្តតាមសារាចរណែនាំរបស់ក្រសួងទេសចរណ៍ស្ដីពីការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ និងការដាក់តាំងបង្ហាញបញ្ជីរាយនាមសេវាកម្មរបស់អាជីវកម្មសេវាកម្មទេសចរណ៍ដោយមានភ្ជាប់ជាមួយតម្លៃ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ជាមួយគ្នានោះ លោក អាំង សុវណ្ណរ័ត្ន អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ បានឧទ្ទេសនាមអំពីទេសចរណ៍ម្ហូបអាហារ ដែលជាផលិតផលទេសចរណ៍ដ៏ទាក់ទាញមួយប្រភេទនាពេលបច្ចុប្បន្ន ព្រោះម្ហូបអាហារគឺជាចំណងផ្សារភ្ជាប់រវាងប្រជាជនម្ចាស់ស្រុកជាមួយប្រវត្តិសាស្រ្ត វប្បធម៌ ប្រពៃណីនៅតាមតំបន់គោលដៅទេសចរណ៍នៃបណ្តារាជធានីខេត្តនានា ដែលសុទ្ធតែមានរសជាតិ និងភាពពិសេសរៀងៗខ្លួន។ ប្រធានបទនេះផ្តោតសំខាន់លើការជំរុញឱ្យមានការបន្តពង្រឹងគុណភាពសេវាកម្មម្ហូបអាហារ ទាំងនៅតាមភោជនីយដ្ឋាន អាហារដ្ឋាន និងតូបលក់អាហារតាមដងផ្លូវ (Street Food) ដើម្បីធានាឱ្យបាននូវអនាម័យ សុវត្ថិភាពចំណីអាហារ និងការរៀបចំឱ្យមានភាពទាក់ទាញបន្ថែម ជាមួយប្រវត្តិដំណើររឿងនៃមុខម្ហូបតាមតំបន់។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២២ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង៦០ម៉ឺននាក់ និងភ្ញៀវទេសចរជាតិសរុបប្រមាណជាង២លាន៤០ម៉ឺននាក់។ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបប្រមាណ៦៧៣,០៥៦នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានប្រមាណជាង២៣ម៉ឺននាក់៕

No comments:

Post a Comment